
រដ្ឋាភិបាលវៀតណាមនឹងអនុញ្ញាតឱ្យក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក អេឡុន ម៉ាស់ (Elon Musk) បើកដំណើរការសាកល្បង សេវាអ៊ិនធឹណិត ស្តារលីង (Starlink) របស់ខ្លួន ក្នុងប្រទេសវៀតណាម។
សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ដំណើរការផ្ដល់សេវាអ៊ិនធឹណិតសាកល្បងនេះ មានរយៈពេលប្រាំឆ្នាំ គឺពី ឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ ហើយ សម្រាប់សេវាអ៊ិនធឹណិត Starlink នេះ នឹងពុំមានការដាក់កំណត់ពីទំហំកម្មសិទ្ធិ ដែលកាន់កាប់ដោយក្រុមហ៊ុនបរទេសនោះឡើយ ។
ទោះជាយ៉ាងណា គម្រោងនេះចាំបាច់ត្រូវធានាចំពោះបញ្ហាវិស័យការពារជាតិ និងសន្តិសុខជាតិ ហើយក្នុងអំឡុងពេលសាកល្បង អ្នកចុះឈ្មោះប្រើប្រាស់ គឺត្រូវបានកំណត់ត្រឹម ៦០ ម៉ឺននាក់ ឬស្ថាប័នប៉ុណ្ណោះ ។
រដ្ឋាភិបាលវៀតណាមបានចាត់ឱ្យក្រសួងការពារជាតិ ក្រសួងសន្តិសុខសាធារណៈ និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីសម្របសម្រួលធ្វើការរួមគ្នាលើគម្រោងនេះ។
ក្រុមហ៊ុនអ៊ិនធឹណិត Starlink របស់មហាសេដ្ឋី អេឡុន ម៉ាស់ របស់សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការក្នុងទីផ្សារចំនួនជាង ១២០ ប្រទេសលើពិភពលោក ។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសមួយចំនួនដូចជា សិង្ហបុរី និងឥណ្ឌូនេស៊ី សុទ្ធតែបានដំណើរការសេវាអ៊ិនធឹណិតរបស់ Starlink នេះរួចទៅហើយ ។
ដើម្បីប្រើប្រាស់សេវាអ៊ិនធឹណិត Starlink អ្នកប្រើប្រាស់ចាំបាច់ត្រូវទិញឧបករណ៍ រួមមានអង់តែន រ៉ៅទ័រ និងខ្សែភ្ជាប់ ដែលមានតម្លៃ ៥៤៩ ដុល្លារ ហើយបន្ទាប់មក ត្រូវបង់ថ្លៃសេវាប្រចាំខែ ដែលអាចខុសៗគ្នាទៅតាមប្រទេសនីមួយៗ ។


