
ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតជាអន្តរការីមូលប័ត្ររដ្ឋ នៅក្នុងពិធីប្រកាសជាផ្លូវការ ដែលបានធ្វើឡើងនៅឯទីស្នាក់ការកណ្ដាលរបស់ធនាគារ កាលពីថ្ងៃទី ២៨ ខែកុម្ភៈនេះ ។
ពិធីប្រកាសជាផ្លូវការ ត្រូវបានធ្វើឡើងទន្ទឹមគ្នាជាមួយនឹង សិក្ខាសាលា ស្តីពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើមូលបត្ររដ្ឋ ដែលមានការចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ក៏ដូចជាមន្ត្រីជាន់ខ្ពស់មកពីធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា “អបអរសាទរដល់ធនាគារអេស៊ីលីដាដែរ ដែលទទួលបានការអនុញ្ញាតក្លាយទៅជាអន្តរការីមូលបត្ររដ្ឋ ដែលភាសាសាមញ្ញ អ្នកជួយទិញមូលបត្ររដ្ឋឲ្យសាធារណជន ។ ដូច្នេះ អ្នកដែលចង់ទិញ មូលបត្ររដ្ឋ វិនិយោគជាមួយរដ្ឋ ដាក់សាច់ប្រាក់ចូលទៅក្នុងឧបករណ៍ហិរញ្ញវត្ថុរបស់រដ្ឋ [….] ដែលដាក់លុយឱ្យរដ្ឋ ជួយឲ្យរដ្ឋមានលុយកសាងនូវហេដ្ឋរចនាសម្ព័ន្ធ ហើយជាមួយអ្វីដែលរដ្ឋត្រូវការ ហើយយើងបានការប្រាក់ពីរដ្ឋមកវិញទៀត” ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា មានប្រសាសន៍ថា៖ “ធនាគារ អេស៊ីលីដា ភីអិលស៊ី ពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលការអនុញ្ញាត ពីនិយ័តករមូលបត្រកម្ពុជា ធ្វើជាអន្តរការីមូលបត្ររដ្ឋក្នុង វិស័យមូលបត្រ ដើម្បីផ្តល់សេវាកម្មនេះជូនដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេសដែលមានបំណងវិនិយោគ និង/ឬជួញដូរ មូលបត្ររដ្ឋនៅកម្ពុជា តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាជម្រើសនៃការវិនិយោគមួយបន្ថែមទៀតប្រកបដោយ សុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍។ លើសពីនេះទៅទៀត ការវិនិយោគលើមូលបត្ររដ្ឋជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ” ។

ក្នុងឱកាសប្រកាសធនាគារអេស៊ីលីដា ជាអន្តរការីមូលប័ត្ររដ្ឋនោះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា និយ័តករមូលបត្រកម្ពុជា បានសហការជាមួយធនាគារ អេស៊ីលីដា រៀបចំសិក្ខាសាលាស្តីពី “សក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើមូលបត្ររដ្ឋ” ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការវិនិយោគលើមូលបត្ររដ្ឋ។



