
ផលិតកម្មរថយន្តរបស់ប្រទេសថៃ កាលពីឆ្នាំ ២០២៤ បានធ្លាក់ចុះរហូតដល់ទៅ ២០% បើធៀបនឹងឆ្នាំ ២០២៣ ហើយនេះជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈកាល ៤ ឆ្នាំចុងក្រោយនេះ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមដែលបានដកស្រង់សម្ដីសហព័ន្ធឧស្សាហកម្មថៃ (FTI) ។
ក្នុងឆ្នាំ ២០២៤ ប្រទេសថៃ ផលិតរថយន្តបាន ១,៤៧ លានគ្រឿង ខណៈឆ្នាំ ២០២៣ ថៃផលិតរថយន្តបាន ១,៨៣ លានគ្រឿង។ ទន្ទឹមនឹងនេះ ការលក់រថយន្តនៅក្នុងស្រុកក៏បានធ្លាក់ចុះផងដែរ គឺបានត្រឹមតែ ៥៧២.៦៧៥ គ្រឿង ដែលបានធ្លាក់ចុះ ជាង ២៦% ។
ការធ្លាក់ចុះនេះគឺដោយសារតែ

តម្រូវការរថយន្តបានថមថយ ហើយបណ្ដាធនាគារបានរឹតបន្តឹងចំពោះលក្ខខណ្ឌកម្ចី ដោយសារតែវិបត្តិបំណុលខ្ពស់ក្នុងចំណោមប្រជាជន។
ចំណែកឯការនាំចេញរថយន្តផលិតនៅថៃទៅកាន់ទីផ្សារបរទេសវិញ ក៏បានធ្លាក់ចុះផងដែរ រហូតដល់ទៅ ៨,៨% ដោយបាននាំចេញត្រឹមតែ ១ លានគ្រឿង ។
ការធ្លាក់ចុះនូវការនាំចេញនេះគឺដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយផង គួបផ្សំនឹងការប្រកួតប្រជែងពីសំណាក់រថយន្តអគ្គិសនី និងការរឹតបន្តឹងលើការបំភាយឧស្ម័នកាបូនិកចេញពីរថយន្ត ពីសំណាក់បណ្ដាប្រទេសមួយចំនួនផង។
ក្នុងឆ្នាំនេះ ប្រទេសថៃ បានព្យាករណ៍ថា នឹងផលិតរថយន្តចំនួន ១,៥ លានគ្រឿង ដែលក្នុងនោះ ១ លានគ្រឿងសម្រាប់ការនាំចេញ ហើយនៅសល់ប៉ុន្មានសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
បច្ចុប្បន្ន ប្រទេសថៃ ជាមជ្ឈមណ្ឌលផលិតរថយន្តច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ។


