
ប្រទេសចិនបានប្រកាសស៊ើបអង្កេតលើក្រុមហ៊ុនយក្សរបស់អាមេរិក Google ហើយបានដាក់ពន្ធថ្មីលើផលិតផលជាច្រើនរបស់សហរដ្ឋអាមេរិក ។
ការសងសឹករបស់ប្រទេសចិននេះកើតមានក្រោយពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធ ១០% សម្រាប់ទំនិញដែលនាំពីប្រទេសចិន ដែលជាការបញ្ឆេះឡើងវិញនូវសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរ។

ប្រទេសចិននឹងស៊ើបអង្កេតលើក្រុមហ៊ុន Google ជុំវិញការចោទប្រកាន់ថាបានរំលោភលើសេចក្ដីទុកចិត្ត ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ ដោយបានដកស្រង់ពីសេចក្ដីថ្លែងការណ៍ពីរដ្ឋបាលរដ្ឋគ្រប់គ្រងទីផ្សាររបស់ប្រទេសចិន ។
ចិនបានប្រកាសយកពន្ធ ១៥% លើធ្យូងថ្ម និងឧស្ម័នរាវ (LNG) និង ១០% លើប្រេង និងឧបករណ៍កសិកម្មដែលនាំពីសហរដ្ឋអាមេរិក។

ក្រសួងហិរញ្ញវត្ថុចិនបានថ្លែងថា ការប្រកាសយកពន្ធជាឯកតោភាគីពីសំណាក់សហរដ្ឋអាមេរិក ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើវិធាននានារបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
ចំណាត់ការរបស់ប្រទេសចិននេះ កើតមានសឹងតែភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសយកពន្ធលើទំនិញរបស់ចិន ។


