
បណ្ដាក្រុមហ៊ុននាំពលករទៅក្រៅប្រទេសរបស់វៀតណាមកំពុងតែបង្វែរគោលដៅទៅរកទីផ្សារថ្មីៗ ដូចជាប្រទេសប៉ូឡូញ និងអូស្ត្រាលីជាដើម ដើម្បីស្វែងរកឱកាសការងារបន្ថែមទៀតដល់ពលករវៀតណាម។
ក្រុមហ៊ុននានានៅទីក្រុងហូជីមិញ ដូចជា Eastern Sea Labor Export, Services, and Trade (Estrala) បាននិងកំពុងសហការជាមួយបណ្ដាដៃគូអាជីវកម្មនៅក្នុងប្រទេសប៉ូឡូញ និងអាឡឺម៉ង់ ក្នុងរយៈកាលប៉ុន្មានខែកន្លងមកនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងការងារសម្រាប់ពលករវៀតណាម។

ក្រុមហ៊ុននេះ កំពុងដំណើរការក្នុងការបញ្ជូនពលករ ១០០ នាក់ទៅកាន់ប្រទេសប៉ូឡូញ ដែលអាចរកប្រាក់ចំណូលប្រចាំខែជាមធ្យមបាន ១ ពាន់ដុល្លារ រាប់បញ្ចូលទាំងការធានារ៉ាប់រងផង។
ពលករវៀតណាមទាំងនោះ នឹងធ្វើការងារក្នុងឧស្សាហកម្ម ផ្លែឈើ និងវេចខ្ចប់ម្ហូបអាហារ។ ពលករដែលអាចមានគុណវុឌ្ឍិទៅធ្វើការជាបុគ្គលដែលមានសុខភាពមាំទាំ មានអាយុចន្លោះពី ២០ ទៅ ៥០ ឆ្នាំ និងមានសញ្ញាបត្រកម្រិតមធ្យមសិក្សា។
ពលករដែលទៅធ្វើការនៅទីនោះ មានសិទ្ធិសម្រាកនៅចុងសប្ដាហ៍ មានផ្ដល់កន្លែងស្នាក់នៅ ធ្វើដំណើរ និងអាហារថែមទៀតផង។
ប្រទេសអាឡឺម៉ង់ជាគោលដៅដ៏ទាក់ទាញសម្រាប់ពលករវៀតណាម ដោយសារវិស័យវេចខ្ចប់ម្ហូបអាហារផ្ដល់ប្រាក់ខែគោលរហូតដល់ទៅជាង ២៧០០ ដុល្លារ។
ចំណែកឯប្រទេសអូស្ត្រាលីវិញ ចាប់ពីឆ្នាំនេះទៅ នឹងទទួលយកពលករវៀតណាមប្រមាណ ១ ពាន់នាក់ក្នុងមួយឆ្នាំ ដែលផ្ដល់ប្រាក់ឈ្នួលប្រចាំខែចន្លោះពី ១៩៦០ ដុល្លារ ដល់ ២៤៥០ ដុល្លារ ។
បច្ចុប្បន្ន ពលករវៀតណាមជាង ៦៥ ម៉ឺននាក់កំពុងធ្វើការនៅបរទេស ដោយផ្ញើប្រាក់មកក្នុងស្រុកវិញប្រមាណ ពី ៣៥០០ លាន ដល់ ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ ។


