
គម្រោងវិនិយោគរួមគ្នាមួយរវាងក្រុមហ៊ុន NTT Docomo និងក្រុមហ៊ុន NEC របស់ប្រទេសជប៉ុន នឹងធ្វើតេស្តសាកល្បងបណ្ដាញអ៊ីនធឺណិតគ្មានខ្សែមួយនៅក្នុងប្រទេសកម្ពុជា ដែលអាចនឹងឈានទៅដល់ការផ្ដល់សេវាកម្ម 5G នៅក្នុងប្រទេសមួយនេះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei របស់ជប៉ុន ។
គម្រោងអាជីវកម្មរួមគ្នា ដែលមានឈ្មោះថា Orex Sai នឹងកសាងបណ្ដាញ 4G នៅឯអគារពាណិជ្ជកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដោយបណ្ដាញនេះនឹងបម្រើជាប្រព័ន្ធសម្រាប់ផ្លាស់ប្ដូរទៅជាបណ្ដាញ 5G នៅពេលអនាគត ។
ក្រុមហ៊ុន NTT Docomo និង NEC មានគោលបំណងផ្ដល់ជម្រើសមួយជំនួសបច្ចេកវិទ្យាបណ្ដាញរបស់ក្រុមហ៊ុន Huawei របស់ចិន នៅក្នុងទីផ្សារតូចៗដែលកំពុងមានតម្រូវការកើនឡើង ។ បណ្ដាញទូរគមនាគមន៍របស់កម្ពុជាពឹងផ្អែកលើឧបករណ៍របស់ Huawei ។
គម្រោងដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុននៅកម្ពុជានេះ នឹងប្រើប្រាស់បច្ចេកវិទ្យា Open RAN (បណ្ដាញរលកវិទ្យុ) ដែលជាវិធីសាស្ត្រចំណាយទាបដែលផ្គុំបញ្ចូលគ្នាដោយឧបករណ៍ផលិតដោយក្រុមហ៊ុនផ្សេងៗគ្នា ។
ប្រទេសចិនគ្របដណ្ដប់ទីផ្សារស្ថានីយបណ្ដាញគ្មានខ្សែនៅលើពិភពលោក ដោយបូករួមបញ្ចូលគ្នាទៅ ទាំង Huawei និង ZTE របស់ចិនក្ដោបក្ដាប់ចំណែកទីផ្សារដល់ទៅជាង ៤០% នៃទីផ្សារស្ថានីយមេសម្រាប់បណ្ដាញ 5G នៅជុំវិញពិភពលោក ។ ចំណែកឯក្រុមហ៊ុនជប៉ុនវិញក្ដោបក្ដាប់ទីផ្សារតែ ៣,១% ប៉ុណ្ណោះ ។
ក្រុមហ៊ុន NEC របស់ជប៉ុនបានជំរុញការប្រើប្រាស់បច្ចេកវិទ្យា Open RAN ប៉ុន្តែ ជួបការលំបាកដោយសារតែមិនសូវមានគេនិយមប្រើ ពីព្រោះវាត្រូវការការវិនិយោគជាមុនច្រើន ។ ប៉ុន្តែ NEC បានចាប់ដៃគូជាមួយ NTT Docomo ដោយសារពួកគេមានជំនាញខាងប្រតិបត្តិការស្ថានីយបណ្ដាញមេ ។
រដ្ឋាភិបាលជប៉ុននឹងផ្ដល់ឧបត្ថម្ភធនផ្នែកហិរញ្ញវត្ថុសម្រាប់ការធ្វើតេស្តសាកល្បងបច្ចេកវិទ្យានេះ ។ ការធ្វើតេស្តសាកល្បងរបស់គម្រោង Orex Sai នៅកម្ពុជា នឹងជាគម្រោងដំបូងគេដែលទទួលជំនួយពីរដ្ឋាភិបាលជប៉ុន ។
កាលពីខែធ្នូ ឆ្នាំទៅមិញ អតីតនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានព្រមព្រៀងគ្នានៅទីក្រុងតូក្យូ ក្នុងការកែលម្អប្រព័ន្ធទូរគមនាគមន៍របស់កម្ពុជា និងផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកជំនាញវិស័យនេះ ៕


