
រដ្ឋបាលក្រុងបាងកកបានចេញសេចក្ដីប្រកាសអាសន្នអំពីទឹកជំនន់ក្នុងតំបន់ចំនួន ១៦ នៃខណ្ឌចំនួន ៧ ដែលស្ថិតនៅខាងក្រៅច្រាំងការពារទឹកជំនន់តាមបណ្ដោយទន្លេចៅប្រាយ៉ា ។
យោងតាមការចុះផ្សាយរបស់កាសែត The Nation បានឲ្យដឹងថា អាជ្ញាធរបានព្យាករថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេចៅប្រាយ៉ាចំនួន ៧៣១គ្រួសារ នឹងរងផលប៉ះពាល់ដោយសារទឺកជំនន់នោះ ។
កម្រិតទឹកទន្លេត្រូវបានរំពឹងថា នឹងហក់ឡើងចាប់ពីថ្ងៃអាទិត្យ ទី១២ ខែតុលានេះ ដែលអូសបន្លាយយ៉ាងហោច ១០ថ្ងៃ ដោយសារតែទឹកហូរពីតំបន់ខ្សែទឹកខាងលើ ទឹកជោរ និងការបង្ហូរទឹកចេញពីទំនប់ចៅប្រាយ៉ា ។
អាជ្ញាធរបានជូនដំណឹងដល់ពលរដ្ឋដែលស្ថិតក្នុងតំបន់រងផលប៉ះពាល់ឲ្យរៀបចំជញ្ជូនទ្រព្យសម្បត្តិរបស់ខ្លួនទៅកាន់ទីទួលខ្ពស់ ពិនិត្យមើលបណ្ដាញអគ្គិសនី និងពិនិត្យតាមដានស្ថានភាពឲ្យបានហ្មត់ចត់ ស្របពេលដែលក្រុងបាងកកត្រៀមទប់ទល់នឹងទឹកជំនន់ដែលអាចនឹងកើតមាននៅចុងសប្ដាហ៍នេះ ៕


