
ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប របស់មហាសេដ្ឋីកំពូលមួយរូបនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង នឹងបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ នៅឃុំថ្មសរ ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះ ។
រោងចក្រផលិតអគ្គិសនីខ្នាតយក្សនេះ មានអនុភាព ៩០០មេហ្គាវ៉ាត់ ។ នេះបើយោងតាមលិខិតអញ្ជើញមួយចេញដោយអ្នកឧកញ៉ា គិត ម៉េង ដែល ពិត មេឌា បានឃើញ ។
ពិធីសម្ពោធបើកការដ្ឋានសាងសង់រោងចក្រអគ្គិសនីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។
រោងចក្រអគ្គិសនីខេត្តកោះកុងនេះ ជាគម្រោងវិនិយោគដ៏ធំទីពីរហើយរបស់អ្នកឧកញ៉ា គិត ម៉េង បន្ទាប់គម្រោងវារីអគ្គិសនី សេសានក្រោម ២ នៅខេត្តស្ទឹងត្រែង ដែលបានដំណើរការរួចហើយ និងមានកម្លាំងអនុភាព ៤០០មេហ្គាវ៉ាត់ ។

បើតាមរបាយការណ៍នានា ស្ថានីយវារីអគ្គីសនី សេសានក្រោម ២ នេះ មានសមត្ថភាពផលិតអគ្គិសនី ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេសកម្ពុជា ។
គេរំពឹងថា នៅពេលរោងចក្រផលិតអគ្គិសនីកម្លាំង ៩០០មេហ្គាវ៉ាត់នៅខេត្តកោះកុង សាងសង់រួច និងដាក់ឱ្យដំណើរការ ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅប្រទេសកម្ពុជា នឹងកាន់តែប្រសើរឡើងថែមទៀត ៕


