
បវរកញ្ញាប្រទេសកូស្តារីកា (Costa Rica) កញ្ញា Macarena Chamberlain បានប្រកាសដកខ្លួនចេញពីកម្មវិធី Miss Grand International 2024 ដោយលើកហេតុផលពីការប៉ះទង្គិចធ្ងន់ធ្ងរលើសុខភាពផ្លូវចិត្តនិងកាយរបស់នាង ដោយសារតែការផ្លាស់ប្ដូរយ៉ាងតក់ក្រហល់ពីសំណាក់អ្នករៀបចំកម្មវិធី ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam Net ។
នៅរសៀលថ្ងៃទី៨ តុលា កញ្ញា ម៉ាការេណា បានប្រកាសនៅលើបណ្ដាញសង្គម Instagram របស់កញ្ញា ពីការដកខ្លួនចេញនេះ ។
ការប្រកាសដកខ្លួនរបស់បវរកញ្ញាកូស្តារីកានេះ ធ្វើឡើងបន្ទាប់ពីការដកខ្លួនរបស់បវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា ប៊ី សុធារី បន្ទាប់ពីកើតមានជម្លោះរវាងអ្នករៀបចំ Miss Grand International (MGI) និង Miss Grand Cambodia កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ។
នៅក្រោយភាពចម្រូងចម្រាសនេះ ខាង MGI បានប្រកាសផ្លាស់ប្ដូរទីតាំងកម្មវិធីប្រកួតបវរកញ្ញា Miss Grand International 2024 ចេញពីរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ វិញ ។
ជុំវិញជម្លោះនេះ ភាគី MGI និង Miss Grand Cambodia បាននិងកំពុងសាចទឹកដាក់គ្នា ដោយទម្លាក់កំហុសលើគ្នាទៅវិញទៅមក ។
បវរកញ្ញាកូស្តារីកា កញ្ញា ម៉ាការេណា អាយុ ២០ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រ ដែលជាតារាបង្ហាញម៉ូដ អ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀងផងនោះ បាននិយាយថា ហេតុការណ៍ផ្លាស់ប្ដូរចុងក្រោយនេះ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តផ្លូវកាយរបស់នាង និងថា នាងសម្រេចចិត្តដកខ្លួនចេញ ដើម្បីផ្ដល់អាទិភាពដល់សុខភាពរបស់កញ្ញាជាចម្បង ៕


