
ឧស្សាហកម្មស្រាបៀរវៀតណាមកំពុងតែធ្លាក់ចុះ ស្របពេលដែលមានការរឹតបន្តឹងលើការបើកបរក្នុងស្ថានភាពស្រវឹង និងចំណាយកើនឡើងខ្ពស់ ។
ផលិតកម្មស្រាបៀរនៅប្រទេសវៀតណាមបានធ្លាក់ចុះ ៤% ក្នុងរយៈកាល៨ខែនៃឆ្នាំ២០២៤នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ហើយបណ្ដាក្រុមហ៊ុនផលិតស្រាបៀរកំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណេញ ។
សមាគមស្រាបៀរ គ្រឿងស្រវឹង និងភេសជ្ជៈរបស់ប្រទេសវៀតណាមបានឲ្យដឹងថា ឧស្សាហកម្មនេះកំពុងតែរងផលប៉ះពាល់ខ្លាំងដោយសារតែអាជ្ញាធររឹតបន្តឹងការបើកបរក្នុងស្ថានភាពស្រវឹង និងដោយសារតែស្ថានភាពសេដ្ឋកិច្ចពុំសូវល្អ ។
ការធ្លាក់ចុះនូវឧស្សាហកម្មស្រាបៀរក៏បានប៉ះពាល់ដល់ទីផ្សារការងារ និងឧស្សាហកម្មផ្សេងទៀតផងដែរ ដែលផ្គត់ផ្គង់វត្ថុធាតុដើម និងសេវាដល់ក្រុមហ៊ុនផលិតស្រាបៀរ។
ក្រុមហ៊ុនផលិតស្រាបៀរ Heineken របស់ប្រទេសហុល្លង់ បាននិយាយថា ផលិតកម្មស្រាបៀររបស់ខ្លួនបានធ្លាក់ចុះដោយសារតែឱនភាពនៅក្នុងទីផ្សារប្រទេសវៀតណាម និងនីហ្ស៊េរីយ៉ា ហើយក្រុមហ៊ុន Heineken ក៏បានបិទរោងចក្ររបស់ខ្លួនមួយផងដែរ ក្នុងប្រទេសវៀតណាមនោះ កាលពីចុងខែមិថុនា ៕


