
បាមប៊ូ អេកូ គឺជាសិប្បកម្មមួយដែលអាចកែច្នៃកែវឫស្សីនៅក្នុងស្រុក បង្កើតឡើងដោយកូនខ្មែរផ្ទាល់ សិប្បកម្មមួយនេះមិនត្រឹមតែជួយកាត់បន្ថយការនាំចូលកែវឫស្សីពីក្រៅប៉ុណ្ណោះទេ ប៉ុន្តែអាចជួយបង្កើតការងារជាច្រើនកន្លែងនៅក្នុងសហគមន៍ ថែមទៀតផង ។
អ្នកនាង ទ្រី រស្មី ដែលជាម្ចាស់សិប្បកម្ម Bamboo Eco បានប្រាប់អោយដឹងពីការចាប់ផ្តើមបង្កើតសិប្បកម្មនេះឡើង គឺដោយសារតែការស្រឡាញ់និងចូលចិត្តធ្វើការងារស្ម័គ្រចិត្តសង្គមច្រើន មានពេលមួយកំឡុងចុះធ្វើការងារ អ្នកនាងបានជួបសហគមន៍មួយនៅក្នុងខេត្តសៀមរាប ដែលគេកែច្នៃឫស្សីចេញទៅជាផលិតផលយ៉ាងសម្បូរបែប សម្រាប់ដាក់លក់នៅលើទីផ្សារ អ្នកនាងក៏បានចាប់អរម្មណ៍ ហើយបានចាប់ផ្តើមសិក្សាស្វែងយល់ពីការធ្វើកែវឫស្សីចេញពីសហគមន៍នោះតែម្តង ។

ម្ចាស់សិប្បកម្មកែវឫស្សីរូបនេះបានរៀបរាប់ថា « Bamboo Eco មែនទែនទៅយើងចាប់ផ្តើមឆ្នាំ២០១៩ ចុងឆ្នាំ២០១៩ ហើយពេលបង្កើតឡើងដំបូងហ្នឹងយើងធ្វើនៅបន្ទប់ជួលរបស់ខ្លួនឯងទេ យើងអត់ទាន់មានជាអូហ្វីសអីទេ ចឹងគឺថាយើងគេងនៅហ្នឹងស្នាក់នៅហ្នឹងជាមួយវាឡើង ២៤ម៉ោង ធ្វើការក៏នៅហ្នឹង ញាំក៏នៅហ្នឹង គេងក៏នៅហ្នឹង តមកដល់ឆ្នាំ២០២០ ខ្ទង់ឆ្នាំ២០២០ យើងមានលទ្ធភាពក្នុងការជួលអូហ្វីសក្នុងការធ្វើការបាន » ។
វ័យប្រមាណជា២០ឆ្នាំមានគំនិតជាអ្នករកស៊ីរូបនេះបន្តថា បច្ចុប្បន្ននៅក្នុងសហគមន៍ក្នុងខេត្តសៀមរាប អាចផលិតកែវឫស្សីបានប្រមាណជា៣ពាន់កែវ ប៉ុន្តែចំនួននៃការលក់នៅក្នុងសិប្បកម្មរបស់អ្នកនាងផ្ទាល់ មិនដល់ចំនួននេះទេ ដោយសារ តែត្រូវប្រកួតប្រជែងជាមួយនឹងកែវឫស្សីដែលជាផលិតផលនាំចូលច្រើន។

អ្នកនាងបានបន្តរៀបរាប់ទៀតថា «សម្រាប់ទីផ្សារប្រកួតប្រជែង ដែលយើងមានបញ្ហានឹងគឺទាក់ទងទៅនឹងការនាំចូលឬស្សីដែលគាត់នាំចូល បើពពួកកែវឬស្សីរបស់យើងនៅក្នុងស្រុក អ៊ីចឹងសាច់ឫស្សីវាខុសពីកែវឫស្សីដែលនាំចូល ហើយតម្លៃវាក៏ខ្ពស់ជាងឫស្សីនាំចូលដែរ ពពួកកែវឫស្សីនាំចូលសាច់វាស្អាត ហើយកាន់ទៅស្រាល អ៊ីចឹងទៅរាងពិបាកប្រកួតប្រជែងជាមួយវត្ថុនាំចូលបន្តិច » ។
តួយ៉ាងក្រៅពីកែវឫស្សី សិប្បកម្ម Bamboo Eco អាចកែច្នៃបានមានផលិតផលជាច្រើនមុខទៀតដូចជា ដបសម្រាប់ដាក់ទឹក សៀវភៅ ប៊ិចធ្វើពីឬស្សី និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត ដែលអាចដាក់រចនាបថសិល្បៈបុរាណនិងសម័យ ក៏ដូចជាឈ្មោះនិងរូបភាពយ៉ាងស្រស់ស្អាតនៅលើវត្ថុទាំងនោះផងដែរ ។

ជាមួយគ្នានេះដែរ សម្រាប់ផលិតផលរបស់ Bamboo Eco បច្ចុប្បន្ននេះមានការផ្គត់ផ្គង់ស្ទើរគ្រប់ខេត្តក្រុងទៅហើយ ជាពិសេសនោះក្នុងរាជធានីភ្នំពេញដែលជាទីផ្សារធំ ហើយផ្គត់ផ្គង់ក៏មានចំនួនច្រើនដែរ តាមក្រុមហ៊ុនតូចធំដែលគេបញ្ជាទិញសម្រាប់ដាក់តាំង ចែកបុគ្គលិកនិងជាកាដូរផ្សេងៗផងដែរ ។
គួរបញ្ជាក់ថា សិប្បកម្ម Bamboo Eco មានមហិច្ឆតាធំ នៅថ្ងៃខាងមុខចង់់ក្រែប្រែសិប្បកម្មឈានមុខគេនៅកម្ពុជា ដែលអាចផលិតនូវផលិតច្រើនមុខ មិនត្រឹមតែកែវឫស្សីទេ ប៉ុន្តែនឹងអាចច្នៃជារបស់ប្រើប្រាស់ជាច្រើនទៀតដែលច្នៃចេញពីឫស្សី នឹងបានដាក់គោលដៅអាចនាំចេញទៅខាងក្រៅថែមទៀត ។


