
កសិដ្ឋានផលិតកូនបង្កងឬហៅបង្កងដៃវែងមួយកន្លែងដំបូងគេ ដោយយកពូជពីប្រទេសអ៊ីស្រាអែលនិងអ្នកជំនាញពីបង់ក្លាដេស មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមួយខែៗចែកចាយកូនបង្កងមិនក្រោម ១០ម៉ឺនកូនឡើយ ទៅតាមបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា ។

លោក អុយ ជូ គឺជាអ្នកផលិតកូនបង្កងក្នុងកសិដ្ឋានពិភពបង្កងបានឲ្យដឹងថា កសិដ្ឋានបង្កើតឡើងមិនដល់មួយឆ្នាំទេ ប៉ុន្តែអ្នកដែលទិញកូនបង្កងយកទៅចិញ្ចឹមតាមខេត្តមានស្ទើរតែរាល់ថ្ងៃ ពោលគឺមានច្រើនមានតិចរហូត ប៉ុន្តែមួយខែយ៉ាងហោចណាស់ក៏១០ម៉ឺនកូនដែរ ជួនកាលផលិតមិនចង់ទាន់សម្រាប់ការផ្គត់ផ្គង់ផង ខណៈដែលកាលពីមុនការចិញ្ចឹមបង្កងនៅកម្ពុជានៅមានកម្រិត ។
អ្នកផលិតកូនបង្កងរូបនេះបានរៀបរាប់ថា «ខ្ញុំគិតថាមកដល់ថ្ងៃនេះ យើងទើបឃើញការចិញ្ចឹមរបស់គាត់ប្រហែលជាមានទើបប្រហែលជា១០ភាគរយទេ ព្រោះអីដោយសារតែគាត់ទើបតែចាប់ផ្តើម ដោយសារតែកន្លងមកគាត់ធ្លាប់ចិញ្ចឹមដែរ ប៉ុន្តែគាត់ដាក់ទៅបរាជ័យ ដោយសារគាត់ទិញពូជពីក្រៅមកអ៊ីចឹង ឃើញគេចិញ្ចឹមចេះតែចិញ្ចឹមតាមគ្នា អត់មានបច្ចេកទេស» ។

លោកបានបន្តថា ខេត្តដែលផ្គត់ផ្គង់កូនបង្កងឲ្យភាគច្រើន មានដូចជាខេត្តតាកែវ កំពង់ចាម ព្រៃវែង ស្វាយរៀង ព្រះវិហារ សៀមរាប បន្ទាយមានជ័យ និងកោះកុង ជាដើម ហើយសម្រាប់តម្លៃកូនបង្កងដែលត្រូវលក់ចេញវិញ គឺតូចគិតចាប់ពី១សង់ទីម៉ែត្រ ១គ្រាប់មួយរយរៀល ២សង់ទីម៉ែត្រ ២រយរៀល និង ៣សង់ទីម៉ែត្រ៣រយរៀល ដោយឡែកសម្រាប់ពូជបង្កងនេះដែរ អាចចិញ្ចឹមប្រមូលផលបានចន្លោះពី៦ទៅ៨ខែ ហើយទំហំប្រមូលផលបានចន្លោះ ៣ ទៅ ៥ក្បាលមួយគីឡូ ។
លោកបានរៀបរាប់បន្ថែមថា «ចំណុចពិសេសរបស់កូនបង្កងនៃពិភពបង្កងរបស់យើងនេះ គឺសំខាន់គឺពូជវាសុទ្ធ ហើយឈ្មោល ១០០ភាគរយ យើងបង្កាត់មកគឺឈ្មោល១០០ភាគរយ លក្ខណៈពិសេសដែលយើងបង្កាត់ពូជបង្កងនេះឲ្យទៅជាឈ្មោល១០០ភាគរយ ដោយសារតែការចិញ្ចឹមរបស់យើង ឈ្មោលមានការលូតលាស់លឿនជាងបង្កងញី ហើយឈ្មោលវាមានទំហំធំជាងញីពីរដង ចឹងវាធ្វើឲ្យការចិញ្ចឹមរបស់គាត់នឹងបានផលខ្ពស់» ។

គួរបញ្ជាក់ថា កសិដ្ឋានពិភពបង្កងមានមហិច្ឆតាធំចង់ពង្រីកការផលិតកូនបង្កងក្នុងមួយខែៗឲ្យបានរាប់សែនកូន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងគោលបំណងជួយកាត់បន្ថយការនាំចូលកូនបង្កងពីក្រៅ ។ យ៉ាងណាមិញ ការចិញ្ចឹមបង្កងនេះដែរ អ្វីដែលសំខាន់ គឺត្រូវតែមានបច្ចេកទេសច្បាស់លាស់ ដើមទុនគ្រប់គ្រាន់ ទីតាំងសមស្របសម្រាប់ការចិញ្ចឹម ជាពិសេសនោះ គឺជ្រើសរើសពូជឲ្យត្រឹមត្រូវ ៕


