
តើអ្នកដឹងទេថា កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសណាច្រើនជាងគេបំផុត ? គឺវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជានេះឯង ។
បើតាមសារព័ត៌មានវៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ជាង ៥៥% នៃគ្រាប់ស្វាយចន្ទីនាំចូលសរុបរបស់វៀតណាម គឺជាគ្រាប់ស្វាយចន្ទីដែលដាំដុះនៅកម្ពុជា ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងអំឡុង៦ខែដើមឆ្នាំនេះ វៀតណាមនាំចូលគ្រាប់ស្វាយចន្ទីជិត ១,៥លានតោន ដែលមានតម្លៃគិតជាទឹកប្រាក់ប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះកើនឡើង ៨,៤% គិតជាបរិមាណ ណិង ៣,៤% គិតជាតម្លៃ ។
ក្នុងនោះ គ្រាប់ស្វាយចន្ទីដែលមានប្រភពមកពីប្រទេសកម្ពុជាមានជាង ៧៨០.៧០០តោន ដែលមានតម្លៃគិតជាទឹកប្រាក់ដល់ទៅ ១ពាន់លានដុល្លារ ។
បើធៀបនឹងរយៈពេល៦ខែដូចគ្នានៃឆ្នាំកន្លងទៅ គ្រាប់ស្វាយចន្ទីដែលវៀតណាមនាំចូលមកពីប្រទេសកម្ពុជា បានកើនឡើង ៣៦,៧% គិតជាបរិមាណ និងកើន ២៨,១% គិតជាតម្លៃទឹកប្រាក់សរុប ។
វៀតណាមគឺជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីលេខ១នៅលើពិភពលោក ប៉ុន្តែ ដោយសារការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកមិនទាន់គ្រប់តាមតម្រូវការ ទើបវៀតណាមត្រូវនាំចូលគ្រាប់ស្វាយចន្ទីក្នុងបរិមាណដ៏ច្រើនពីប្រទេសផ្សេងទៀត ជាអាទិ៍ កម្ពុជា និងអាហ្វ្រិក ។
គិតជាការនាំចេញវិញ ក្នុង៦ខែដើមឆ្នាំនេះ វៀតណាមនាំចេញគ្រាប់ស្វាយចន្ទីបាន ៣៥៣.៥០០តោន ក្នុងតម្លៃជាទឹកប្រាក់ ១,៩៤ពាន់លានដុល្លារ ។ តួលេខនាំចេញនេះ កើនឡើង ២៦,២% គិតជាបរិមាណ និង ១៨,៧% គិតជាតម្លៃសរុប ធៀបនឹងរយៈពេល៦ខែដូចគ្នានៃឆ្នាំទៅមិញ ។
ចំពោះតម្លៃគ្រាប់ស្វាយចន្ទីនាំចេញវិញ គិតជាមធ្យម វៀតណាមលក់បាន ៥៥០២ដុល្លារក្នុងមួយតោន ៕


