
បំណុលគ្រួសារដែលកើនឡើងខ្ពស់ ក្នុងនោះរួមទាំងកម្ចីដែលខូចនៅក្នុងវិស័យលំនៅឋាន យានយន្ត បណ្ណឥណទាន និងកម្ចីសម្រាប់និស្សិត បានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញវិធានការបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ ។
បើតាមការផ្សាយរបស់ VNA ខុទ្ទកាល័យសេដ្ឋកិច្ចថៃបានណែនាំឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគារថៃពន្លឿនការដោះស្រាយបញ្ហាបំណុលគ្រួសារ ក្នុងនោះរួមទាំងបំណុលដែលខូចផងដែរ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃបាននិយាយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានដាក់ចេញការណែនាំដល់ទីភ្នាក់ងារពាក់ព័ន្ធ ឱ្យពន្លឿនការដោះស្រាយបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែគេនៅមិនទាន់មើលឃើញពីសញ្ញាណាមួយបង្ហាញថាសេដ្ឋកិច្ចងើបឡើងវិញឡើយ ។
បញ្ហាដែលធំបំផុត គឺបញ្ហាបំណុលមិនល្អនៅក្នុងវិស័យលំនៅឋាន និងសហគ្រាសធុនតូចនិងមធ្យម ជាពិសេស បំណុលគ្រួសារធ្ងន់ធ្ងរ ។
តួលេខរដ្ឋាភិបាលថៃ បង្ហាញថា បំណុលគ្រួសារមានចំនួនដល់ទៅ ៣៧២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៩០% នៃ GDP ក្នុងនោះជិត ១០% គឺជាបំណុលមិនល្អ ។
ដើម្បីដោះស្រាយបំណុលអាក្រក់ក្នុងវិស័យលំនៅឋាន ធនាគារលំនៅឋានរដ្ឋត្រូវបានណែនាំឱ្យពន្យារពេលសងបំណុលទិញផ្ទះ ។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលក៏នឹងស្នើឱ្យធនាគារពាណិជ្ជជួយដល់អ្នកខ្ចីដែលមានបញ្ហាសងបំណុលផងដែរ ដោយពន្យារពេលសងបំណុល និងកាត់បន្ថយការសងប្រាក់ដើម ។
ចំពោះបំណុលក្នុងវិស័យបណ្ណឥណទានវិញ ប្រព័ន្ធរបស់ប្រទេសថៃមានបណ្ណឥណទានសរុប ២៤លានបណ្ណ ក្នុងនោះ ១,៤លានបណ្ណកំពុងជាប់បំណុល ហើយចំនួននេះត្រូវគេរំពឹងថានឹងកើនឡើងដល់ ២ ទៅ ៣លានបណ្ណ ។
បើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុ រាល់វិធានការដោះស្រាយបំណុលអាក្រក់ទាំងអស់ នឹងត្រូវអនុវត្តបន្ទាន់ និងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ៕


