
ឥឡូវនេះ នៅសិង្ហបុរី ភោជនីយដ្ឋាននានានិងអ្នកកែច្នៃម្ហូបអាហារអាចលក់ម្ហូបអាហារចម្អិនពីសត្វល្អិត ១៦ប្រភេទ ក្នុងនោះមានទាំងកណ្ដូប ចង្រិត និងដុកឌឿ ផងដែរ ។ នេះបើតាមការផ្សាយរបស់ CNA ។
ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) បាននិយាយថា ភ្លាមៗនិងចាប់ពីពេលនេះទៅ SFA នឹងអនុញ្ញាតដល់ការនាំចូលសត្វល្អិត និងផលិតផលសត្វល្អិតទាំង ១៦ ប្រភេទដែលទទួលបានការអនុញ្ញាត ។
SFA បានណែនាំទៅអាជីវករកែច្នៃចំណីអាហារនិងចំណីសត្វ ថា សត្វល្អិត និងផលិតផលសត្វល្អិតទាំងនេះ អាចប្រើសម្រាប់មនុស្សបរិភោគក៏បាន ឬប្រើសម្រាប់កែច្នៃជាចំណីរបស់សត្វដែលផលិតជាអាហារក៏បាន ។
កាលពីដំណាច់ឆ្នាំ២០២២ SFA បានធ្វើកិច្ចពិគ្រោះយោបល់សាធារណៈលើកដំបូងបង្អស់ស្ដីពីការធ្វើច្បាប់គ្រប់គ្រងសត្វល្អិតនិងផលិតផលសត្វល្អិត ។ ហើយកាលពីខែមេសា ឆ្នាំទៅមិញ ទីភ្នាក់ងារនេះបាននិយាយថា សត្វល្អិត១៦ប្រភេទនឹងទទួលបានភ្លើងខៀវសម្រាប់ជាអាហារបរិភោគ នៅក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២៣ ។ ប៉ុន្តែ សេចក្ដីសម្រេចនេះត្រូវបានពន្យារពេល ៕
(ប្រែសម្រួលពី CNA)


