
ថ្មីៗនេះ ទស្សនាវដ្ដី Forbes បានចេញផ្សាយបញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗផុតលេខរបស់ប្រទេសថៃ ទាំង ៥០នាក់ ប្រចាំឆ្នាំ២០២៤ ដោយក្នុងនោះ អ្វីដែលគួរឱ្យកត់សម្គាល់ គឺកំពូលមហាសេដ្ឋីលេខ១ លេខ២ និងលេខ៣ គឺសុទ្ធតែរកស៊ីវិស័យចំណីអាហារនិងភេសជ្ជៈដូចគ្នា ។
ឆ្នាំ២០២៤នេះ ថៅកែក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង យីហោ គោជល់ (Red Bull) លោក ចាឡឺម យូវិធ្យ៉ា (Chalerm Yoovidhya) មានទ្រព្យសម្បត្តិសរុប ៣៦ពាន់លានដុល្លារ ឈរនៅលេខ១ នៃបញ្ជីអ្នកមានទ្រព្យស្ដុកស្ដម្ភបំផុតនៅប្រទេសថៃ ។
មហាសេដ្ឋីថៅកែក្រុមហ៊ុន CP (ស៊ីភី) លោក ជារ៉ាវ៉ាណុន បានធ្លាក់ទៅលេខ២ វិញ ក្រោយពីកាន់តំណែងជាអ្នកមានជាងគេបំផុតនៅថៃអស់ជាច្រើនឆ្នាំជាប់ៗគ្នា ដោយទ្រព្យសម្បត្តិសរុបគិតជាទឹកលុយមានដល់ទៅ ២៩ពាន់លានដុល្លារ ។
ឈរនៅលេខរៀងទី៣ គឺមហាសេដ្ឋី ចារ៉ឺន សិរីវឌ្ឍនាភក្ដី (Charoen Sirivadhanabhakdi) ថៅកែក្រុមហ៊ុន ThaiBev ដែលមានទ្រព្យសម្បត្តិសរុប ១០ពាន់លានដុល្លារអាមេរិក ។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺកំពូលមហាសេដ្ឋីទាំងបីរូបនេះ សុទ្ធសឹងរកស៊ីនៅក្នុងវិស័យចំណីអាហារ និងភេសជ្ជៈ ។
យោងតាមទស្សនាវដ្ដី Forbes Asia គ្រួសាររបស់លោក ចាឡឺម ដែលជាម្ចាស់ក្រុមហ៊ុន Red Bull (ខ្មែរយើងស្គាល់ថា ក្រុមហ៊ុនភេសជ្ជៈ គោជល់) កើនទ្រព្យសម្បត្តិ ២,៦ពាន់លានដុល្លារ ដោយនាំឱ្យពួកគេមានទ្រព្យសម្បត្តិសរុបដល់ ៣៦ពាន់លានដុល្លារ ។ ទស្សនាវដ្ដីដដែលសរសេរថា ប្រាក់ចំណូលរបស់ Red Bull បានកើនឡើងលើសពី ១១ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលបានមកពីការលក់នៅទូទាំងពិភពលោក បានជាង ១២ពាន់លានដប និងកំប៉ុង ។
រីឯក្រុមគ្រួសារត្រកូល ជារ៉ាវ៉ាណុន (Chearavanont) នៃក្រុមហ៊ុន ចារ៉ឺន ភោកផាន់ គ្រុប (Charoen Pokphand Group) បានថយចុះទ្រព្យសម្បត្តិពី ៣៤ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ មកនៅត្រឹម ២៩ពាន់លានដុល្លារ នៅឆ្នាំនេះ ។
មហាសេដ្ឋីកំពូលមួយរូបទៀត គឺលោក ចារ៉ឺន សិរីវឌ្ឍនាភក្ដី (Charoen Sirivadhanabhakdi) នៃក្រុមហ៊ុន Thai Beverage នៅរក្សាបានចំណាត់ថ្នាក់លេខ៣ដដែល ជាមួយនឹងទ្រព្យសម្បត្តិដែលបានប៉ាន់ស្មានចំនួន ១០ពាន់លានដុល្លារអាមេរិក ថយចុះ ៣,៦ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន ៕
ប្រភព ៖ Forbes, Bangkok Post


