
រាល់ការចាប់ផ្តើមធ្វើអ្វីមួយ ជាពិសេស ការប្រកបមុខរបររកស៊ីគឺតែងតែជួបនូវឧបសគ្គជានិច្ច មិនថាឧបសគ្គនោះតូចឬធំនោះទេ វានឹងកើតមានឡើងដោយស្វ័យប្រវត្តិ ។
តួយ៉ាងប្តីប្រពន្ធមួយគូ ដែលទើបតែរៀបការហើយថ្មីថ្មោង មិនដឹងជាធ្វើការនិងរកស៊ីអ្វី ក៏ចាប់ផ្តើមពិភាក្សាគ្នាចាប់មុខរបរមួយ គឺរបរលក់ត្រីងៀត ដែលសព្វថ្ងៃ ត្រូវបានគេស្គាល់ថាយីហោ ត្រីងៀតមាតុភូមិខ្មែរ ។
លោក ប្រាក់ ស៊ីដា ដែលជាស្វាមី បានរៀបរាប់ប្រាប់ពីសាវតានិងរឿងរ៉ាវនៅពីក្រោយឆាក ទម្រាំតែយីហោ ត្រីងៀតមាតុភូមិ ទទួលបានការគាំទ្រនិងមានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ ក៏ត្រូវជួបរឿងជូរចត់ច្រើនផងដែរ ពោលគឺអំឡុងឆ្នាំ២០១៧ ពេលដែលរៀបការរួចហើយ សល់លុយតិចតួចនៅក្នុងដៃ ពិបាកក្នុងការរកស៊ី ប៉ុន្តែ មុខរបរដំបូងរបស់អ្នកទាំងពីរ គឺជាអ្នកលក់បាយសម្លនៅមុខរោងចក្រកាត់ដេរ ដើម្បីបានចំណូលមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

លោកបានបន្តថា ធ្វើជាអ្នកលក់បាយសម្លនៅមុខរោងចក្រ ព្រលឹមបាត់ព្រលប់ចូលផ្ទះ អស់រយៈពេលមួយឆ្នាំ ពេលនោះបានសល់លុយខ្លះៗបន្ទាប់ពីចំណាយប្រចាំថ្ងៃ ទាំងពីរនាក់ប្ដីប្រពន្ធមួយគូនេះ ក៏នាំគ្នាគិតគូររកមុខរបរមួយទៀតដើម្បីបង្កើនចំណូល ទើបអាចទប់ទៅនឹងការចំណាយបាន ។
បុរសវ័យ២០ប្លាយ ពូកែវោហាររូបនេះ បានបន្ថែមយ៉ាងដូច្នេះថា «ឆ្នាំ២០១៨ ស្រុកខ្មែររបស់យើងគឺកំពុងផ្ទុះនូវវិស័យអនឡាញ អ៊ីចឹងខ្ញុំវិភាគមើលទៅ តាមប្រព័ន្ធអនឡាញមានតែគ្រឿង Cosmetic ឬក៏អីវ៉ាន់ផ្សេងៗ វាអត់មានត្រីងៀត អ៊ីចឹងក៏សម្រេចចិត្តពីរនាក់យាយត្រីងៀតហ្នឹង បង្តើតផេកមួយហើយដាក់ឈ្មោះថាត្រីងៀតមាតុភូមិខ្មែរ ហើយធ្វើការ Live តាំងពីហ្នឹងមក ក៏មានបងៗអតិថិជនទាំងក្នុងនិងក្រៅប្រទេស គាំទ្រត្រីងៀតតាំងពីដើមរហូតមកដល់ពេលនេះ ។»
យ៉ាងណាមិញ យីហោត្រីងៀតមាតុភូមិខ្មែរ គិតមកទល់ពេលនេះ មានអាយុកាលប្រមាណជាង៥ឆ្នាំហើយ យីហោមួយនេះគឺផ្តោតតែត្រីក្នុងស្រុកយកមកធ្វើងៀត ហើយត្រីដែលយកមកធ្វើងៀតគឺបានប្រមូលទិញពីតាមខេត្តនានាក្នុងប្រទេសកម្ពុជា ភាគច្រើនខេត្តដែលនៅជាប់ទន្លេ ដែលសុទ្ធសឹងតែជាប្រភពត្រីចម្រុះ អាចយកមកធ្វើងៀតជិត ១០០ប្រភេទ ។

បន្ថែមពីនេះទៀត យីហោត្រីងៀតមាតុភូមិ បច្ចុប្បន្ននេះ អាចផ្គត់ផ្គង់បើគិតជាបរិមាណប្រចាំខែប្រមាណជា ៦តោន មិនត្រឹមតែមានការគាំទ្រខ្លាំងសម្រាប់ទីផ្សារនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែ យីហោត្រីងៀតមួយនេះ បាននាំចេញផ្គត់ផ្គង់ត្រីងៀតទៅជាច្រើនប្រទេស ដូចជា ប៉ែកអាស៊ី ប៉ែកអឺរ៉ុប បារាំង ញូហ្ស៊ីឡែន ស្វ៊ីស ហុល្លង់ ប៊ែលហ្ស៊ិក មាន USA កាណាដា អូស្រ្តាលី ហើយក៏មានប្រទេសចិន ជប៉ុន កូរ៉េ ថែមទៀតផង ។
កត្តាដែលធ្វើឲ្យយីហោត្រីងៀតក្នុងស្រុកមួយនេះឈរជើងបានយូរនិងមានការគាំទ្រខ្លាំង គឺដោយសារតែគុណភាពសាច់ត្រីស្រស់នៅក្នុងស្រុក ទីពីរគឺសុវត្ថិភាពនៅក្នុងការទទួលទាន ការប្រឡាក់ដោយធម្មជាតិមិនមានប្រើប្រាស់សារជាតិក្រាម និងមិនមានប្រើប្រាស់សារជាតិគីមី ឬសារជាតិបារ៉តរក្សាទុក ជាពិសេសនោះគឺភាពប៉ិនប្រសប់រូបមន្តប្រឡាក់ត្រីយ៉ាងចំណាន ។
ប្តីប្រពន្ធមួយគូនេះមានមហិច្ឆតាធំ គឺចង់ពង្រីកនិងនាំយីហោ ត្រីងៀតមាតុភូមិខ្មែរ ទៅកាន់ពិភពលោកឲ្យបានស្គាល់ ដើម្បីបង្កើនការនាំចេញ ។ លើសពីនេះទៀត គឺចង់ពង្រីកសង្វាក់ផលិតកម្មឲ្យកាន់តែធំឡើង ក្នុងការរួមចំណែកលើកមុខមាត់ប្រទេសជាតិ បង្កើតឱកាសការងារ និងរួមចំណែកដល់សេដ្ឋកិច្ចជាតិផងដែរ ៕

