
ក្រសួងផែនការនិងវិនិយោគរបស់វៀតណាម កំពុងបង្ហើយសេចក្ដីព្រាងផែនការដើម្បីត្រៀមកញ្ចប់មូលនិធិ សម្រាប់ចំណាយលើការងារទាក់ទាញការវិនិយោគពីបរទេស និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែលបានឃើញឯកសាររបស់រដ្ឋាភិបាលនោះ ។
សេចក្ដីព្រាងផែនការនោះនឹងត្រូវដាក់ជូនទៅរដ្ឋាភិបាលមជ្ឈិមដើម្បីពិនិត្យនិងអនុម័តនាសប្ដាហ៍នេះហើយ ។
ប្រទេសវៀតណាមបានក្លាយជាមូលដ្ឋានកម្មន្តសាលដ៏សំខាន់សម្រាប់បណ្ដាក្រុមហ៊ុនលំដាប់ពិភពលោក នានា ដូចជា Samsung, Foxconn និង Intel ជាដើម ។ វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគពីបរទេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ។
កញ្ចប់មូលនិធិនេះ នឹងទទួលបានពីថវិការដ្ឋនិងប្រាក់ចំណូលពន្ធពីក្រុមហ៊ុន គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន នៅចំពោះមុខស្ថានភាពប្រែប្រួលលើសាកលលោក ក៏ដូចជាការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងចំណោមបណ្ដាប្រទេសនានា ក្នុងការទាក់ទាញការវិនិយោគពីបរទេស ។
មូលនិធិសម្រាប់គាំទ្រការវិនិយោគនោះ នឹងផ្ដល់ជាសាច់ប្រាក់ដល់គម្រោងនានា ដើម្បីរ៉ាប់រងលើការចំណាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសកម្ម និងការបណ្ដុះបណ្ដាលធនធានមនុស្ស។
វៀតណាមមានបំណងទាក់ទាញការវិនិយោគពីបរទេសឲ្យបានចន្លោះពី ៣០ ទៅ ៤០ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ។ សម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ វៀតណាមមានបំណងទាក់ទាញការវិនិយោគពីបរទេសឲ្យបាន ៤០ ទៅ ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ ។
ឯកសាររបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញថា កាលពីឆ្នាំ២០២៣ រំហូរវិនិយោគបរទេសចូលទៅក្នុងប្រទេសវៀតណាម មានទំហំទឹកប្រាក់ជិត ៤០ពាន់លានដុល្លារ ។
ឯកសារនោះបង្ហាញថា បើទោះបីជាការវិនិយោគពីបរទេសក្នុងប្រទេសវៀតណាមបានកើនឡើងក្នុងរយៈកាលប៉ុន្មានឆ្នាំនេះក្ដី ប៉ុន្តែ ចំនួនគម្រោងវិនិយោគបរទេសទ្រង់ទ្រាយធំលើវិស័យបច្ចេកវិទ្យា នៅមានកម្រិតទាបនៅឡើយ ហើយគម្រោងដែលមានស្រាប់មួយចំនួនថែមទៀតបានផ្អាកផែនការពង្រីករបស់ខ្លួនថែមទៀតផង ៕ (អត្ថបទប្រែសម្រួល)


